១. សេចក្តីផ្តើម ពេលមានការផ្ទុះជំងឺកូវីដ១៩ គ្មានអ្នកណាអាចព្យាករណ៍ឱ្យបានដឹងក្នុងកម្រិតជាក់លាក់អំពីវិបត្តិ និងទុក្ខវេទនាអ្វីខ្លះ ក្រៅតែអំពីការស្លាប់បាត់បង់ជីវិត ការបង្កជំងឺ និងការខូចខាតសេដ្ឋកិច្ចដែលបន្សល់ពីជំងឺនេះឡើយ។ បន្ថែមពីលើ កូវីដ១៩ ការឡើងថ្លៃទំនិញ ដោយសារផលវិបាកនៃសង្គ្រាមឈ្លានពានបង្កដោយរុស្សី នឹងមានរឿងកាន់តែអាក្រក់ជាងនេះកំពុងរង់ចាំ។ ថ្មីៗនេះប្រធានាធិបតីអាមេរិចចូបៃដិន(Joe Biden)បានលើកឡើងពីArmageddon(ចុងបញ្ចប់នៃពិភពលោក) ប្រសិនបើរុស្សីប្រើនុយក្លេអ៊ែរលើប្រទេសអ៊ុយក្រែន។ បញ្ហាទាំងអស់ខាងលើនេះមានផលប៉ះពាល់លើសេដ្ឋកិច្ចសង្គមកម្ពុជាទាំងមូល ព្រោះកម្ពុជាគ្រាន់តែជាចំណុចតូចមួយរបស់ពិភពលោកដែលមានកម្លាំងសេដ្ឋកិច្ចទន់ខ្សោយ។ កូវីដ១៩ ធ្វើឱ្យកម្លាំងសេដ្ឋកិច្ចកម្ពុជាចុះថមថយ ហើយនិយាយដោយឡែកលទ្ធភាពទ្រទ្រង់ជីវភាពរបស់ពលរដ្ឋកម្ពុជាជួបការលំបាកដែលមិនដែលជួបពីមុនមក។ ការធ្លាក់ចុះការវិនិយោគ ការក្ស័យធន ការរកស៊ីខាត ភាពគ្មានការងារធ្វើ និងទំនិញឡើងថ្លៃ បាននឹងកំពុងជម្រុញឱ្យប្រជាជនភាគច្រើនលើសលុបដែលជាកូនបំណុលរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកចងការឯកជន កាន់តែងាយរងគ្រោះ និង/ឬរងគ្រោះចំពោះការរឹបអូសផ្ទះសម្បែង មធ្យោបាយផលិត និងច្រវាក់បំណុលកាន់តែព័ទ្ធព័ន្ធក។ ក្រៅពីមូលហេតុរួមផ្សំខាងលើ មូលហេតុសំខាន់គឺផ្តើមចេញពីការអនុញ្ញាតឱ្យមានការប្រាក់តាមការព្រមព្រៀង និងការកម្រិតអត្រាការប្រាក់១៨%ក្នុងមួយឆ្នាំ ដែលការប្រាក់នេះលំបាកនឹងគ្រប់គ្រង ហើយជាការប្រាក់ខ្ពស់ប្រៀបធៀបនឹងប្រទេសផ្សេង (ការប្រាក់៣%ក្នុង១ឆ្នាំ)។ មូលហេតុពិសេសមួយទៀតដែលធ្វើឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកចងការឯកជនជិះសេះលែងដៃគឺអវត្តមានច្បាប់ស្តីពីការគ្រប់គ្រងអត្រាការប្រាក់ ដើម្បីបង្ការទប់ស្កាត់បំណុលក្រពើ ឬបំណុលឆ្លាម។ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកចងការឯកជន បានធ្វើប្រតិបត្តិការលើមនុស្ស(កូនបំណុល/អតិថិជន)ដូចជាលើវត្ថុ។ កូនបំណុល/អតិថិជនគ្រាន់តែជាឧបករណ៍ចម្រាញ់យកប្រាក់។ កូនបំណុល/អតិថិជនជាឧបករណ៍ទាញយកប្រយោជន៍តាមគ្រប់មធ្យោបាយរាប់ចាប់តាំងពីការប្រាក់ ថ្លៃសេវា ការបន្លំទិន្នន័យ និងការបង្កើតប្រតិបត្តិការស្មុគ្រស្មាញដែលអតិថិជនមិនអាចគ្រប់គ្រងបាន។ យោងតាមច្បាប់ជាធរមាន អត្រាការប្រាក់នៅក្នុងកិច្ចសន្យាខ្ចីប្រាក់(កិច្ចសន្យាខ្ចីបរិភោគ) អាចកំណត់តាមវិធី២យ៉ាងគឺតាមច្បាប់ ឬតាមការព្រមព្រៀង។ ករណីត្រូវបង់ការប្រាក់ ប្រសិនបើភាគីកិច្ចសន្យាខ្ចីប្រាក់ពុំបានកំណត់ ត្រូវកំណត់ការប្រាក់អនុលោមតាមអត្រាកំណត់ដោយច្បាប់ ។ ការប្រាក់ សំដៅទៅលើចំនួនទឹកប្រាក់ឬវត្ថុផ្សេងទៀតដែលត្រូវបានផ្ដល់ទៅឱ្យតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ ក្នុងនាមជាតម្លៃតបចំពោះការប្រើប្រាស់ប្រាក់ឬវត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ឬវត្ថុ ដែលបានខ្ចីមកគុណជាមួយនឹងអត្រាដែលត្រូវបានកំណត់ ។ វត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចីហៅថាប្រាក់ដើម។ ភាគដែលបានកំណត់ ដែលត្រូវបានដាក់ចូលទៅក្នុងចំនួនទឹកប្រាក់នៃប្រាក់ដើមហៅថាអត្រាការប្រាក់ ។ ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចយកកម្មវត្ថុនៃការសងការប្រាក់មកបង្កើតជាសិទ្ធិលើបំណុល តាមការព្រមព្រៀងបាន (មាត្រា ៥៨៣នៃក្រមរដ្ឋប្បវេណី)។ មានន័យថាការប្រាក់ត្រូវបានបំលែងទៅជាប្រាក់ដើម និងយកទៅបូកតៗគ្នាទៅមុខជាបន្តបន្ទាប់។ ការបូកតទៅមុខជាបន្តបន្ទាប់នេះប្រៀបដូចជាច្រវាក់ដែកដែលចងតគ្នាពីមួយទៅមួយ ដែលកូនបំណុលសងប្រាក់មិនចេះចប់ ព្រោះច្រវាក់នេះចេះតែលូតទៅមុខ ដរាបណាកូនបំណុលលក់ផ្ទះសម្បែងឬស្រែចំការឬដោះដូរទ្រព្យសម្បត្តិធំដុំណាមួយទើបអាចរួចពីច្រវាក់បំណុលនេះបាន។ ច្បាប់កំណត់អំពីការកម្រិតការប្រាក់។ អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅទៅលើអត្រាការប្រាក់អតិបរមាដែលអាចកំណត់បានដោយស្របច្បាប់ តាមការព្រមព្រៀងរបស់ភាគី ដែលកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ដផ្សេងទៀត ។ ភាគីអាចកំណត់ការប្រាក់ខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់(៥%) តែមិនអាចកំណត់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតបានឡើយ ។ ប្រសិនបើភាគីបានកំណត់អត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត កិច្ចសន្យានៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះត្រូវទុកជាមោឃៈ រីឯអ្នកខ្ចីមានករណីយកិច្ចសងតែចំពោះការប្រាក់ដែលត្រូវបានគណនា តាមអត្រាការប្រាក់ដែលត្រូវបានកម្រិតនោះ តែប៉ុណ្ណោះ (មាត្រា ៥៨៥នៃក្រមរដ្ឋប្បវេណី)។ អត្រាការប្រាក់ដែលត្រូវបានកម្រិត(ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ចុះថ្ងៃទី៣១/០៥/១១)គឺក្នុងចន្លោះចាប់ពី១០%-៣០%ក្នុង១ឆ្នាំ ដោយយោងមាត្រា៥៨៥ខាងលើនេះ។ អត្រាការប្រាក់ព្រមព្រៀងមុនក្នុងការសងសំណងក្នុងកិច្ចសន្យាខ្ចីបរិភោគអាចកំណត់ត្រឹមទំហំពី១.២ទៅ២ដងនៃអត្រាការប្រាក់ដែលត្រូវបានកម្រិតខាងលើ។ អត្រាការប្រាក់ព្រមព្រៀងមុនក្នុងការសងសំណងក្នុងកិច្ចសន្យាខ្ចីបរិភោគដែលបានកំណត់ក្នុងមាត្រា១៧.៣នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី៖ មិនឱ្យលើសពី១.៥ដងនៃអត្រាការប្រាក់ខាងលើ។ ក្រសួងយុត្តិធម៌បានចេញប្រកាសលេខ១២៨អយ.ប្រក/១១ ចុះថ្ងៃទី២១/១២/១១ ដោយកំណត់ថាអត្រាការប្រាក់ត្រូវបានកំណត់មិនឱ្យលើសពី១៨% ក្នុងមួយឆ្នាំឡើយ។ ដោយផ្អែកលើច្បាប់ និងបទដ្ឋានក្រោមច្បាប់ខាងលើ និងច្បាប់ពិសេសមួយចំនួនទៀត ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នករកស៊ីចងការប្រាក់ ជាច្រើនបានកំណត់ការប្រាក់ប្រកបដោយការច្នៃប្រឌិត និងករណីខ្លះកេងប្រវញ្ចន៍។ ការប្រាក់ក្នុងរង្វង់១៨% ក្នុងមួយឆ្នាំ(ឬ១.៥%ក្នុងមួយខែ)មើលទៅហាក់ដូចជាមិនចោទជាបញ្ហាធំដុំឡើយ នៅមុនសម័យមានការផ្ទុះជាសកលនូវCOVID-19។ បុគ្គលរកស៊ីចងការប្រាក់មិនទទួលស្គាល់ផលវិបាកនៃជំងឺកូវីដឡើយ។ ពួកគេប្រើរូបមន្តដែលប្រជាជនធម្មតាមិនងាយយល់បានឡើយ។ ប្រាក់យកទៅដាក់ធានាគារបានការប្រាក់ត្រឹមតែ៣-៨ភាគរយក្នុងមួយឆ្នាំ ហើយវាជាប្រាក់គ្មានចរន្ត។ ប្រាក់យកពីធនាគារ និងសងទៅធនាគារជាប្រាក់មានចរន្តដែលធនាគារអាចយកទៅបង្វិលឱ្យមានចរន្តរាប់រយរាប់ពាន់ជុំ។ ប្រាក់ត្រូវបានកូនបំណុលសងជាបន្តបន្ទាប់ តែការប្រាក់ត្រូវបង់នៅពេលបន្ទាប់ មិនបានថយទៅតាមប្រាក់ដើមនិងការប្រាក់ដែលបានបង់ឡើយ។ នៅខណៈពិភពលោកជួបវិបត្តិជំងឺកូវិដ-១៩ និងការឡើងថ្លៃទំនិញដោយប្រេងឡើងថ្លៃ អាជីវ ធនាគារ គ្រិះស្ថានហិរញ្ញវត្ថុ អ្នករកស៊ីចងការប្រាក់ខ្ពស់ និងអ្នកទទួលវត្ថុបញ្ចាំនៅបន្តរីកចម្រើន។ មនុស្សខ្ចីប្រាក់ដើម្បីបំពេញ “សេចក្តីត្រូវការ “ ជាពិសេសអ្នកខ្ចីប្រាក់ដើម្បីសេចក្តីត្រូវនៃការមានជីវិត/ការរស់រាន្ត និងករណីខ្លះដើម្បីរកស៊ីចិញ្ចឹមជីវិត។ នៅពេលប្រាក់បានដល់ដៃកូនបំណុល ប្រាក់នោះប្រៀបដូចជាចំណងដែលចងជាច្រើនជាន់ទៅលើកូនបំណុល(បើរកមិនបានដូចបំណង) កូនបំណុល និងអ្នកធានាកូនបំណុលប្រៀបដូចជាជ្រូក រីឯម្ចាស់ប្រាក់ប្រៀបដូចជាកាំបិតចាក់កជ្រូក។ ធនាគារប្រើ “តំបន់ប្រផេះ “ ឬភាពមិនច្បាស់លាស់របស់ច្បាប់ ក្រោមលេសធនាគារពាណិជ្ជកម្មមានសិទ្ធិយកការប្រាក់តាមចិត្ត(ឱ្យតែអតិថិជនជនព្រម) និងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់(មិនឱ្យលើសពី១៨%ក្នុងមួយឆ្នាំ) ។ ប្រទេសជប៉ុនធ្លាប់ជួបបញ្ហាពាក់ព័ន្ធនឹងអ្នកឱ្យខ្ចីប្រាក់កេងប្រវញ្ច ការប្រាក់ក្នុងចន្លោះតំបន់ពីរនៃការប្រាក់២០%ក្នុងមួយឆ្នាំ (ការប្រាក់អតិបរមាក្រោមច្បាប់ស្តីពីការដាក់កំហិតលើការប្រាក់ Interest Rate Restriction Law) ទៅ ការប្រាក់២៩.២០%ក្នុងមួយឆ្នាំ(ក្រោមច្បាប់ស្តីពីការដាក់ប្រាក់វិនិយោគ និងការប្រាក់ Investment Deposit and Interest Rate Law ) ។ តំបន់ប្រផេះនេះត្រូវបានលុបចោលដោយតុលាការកំពូលរបស់ជប៉ុននៅឆ្នាំ២០០៦។ ក្រោយមកជប៉ុនបានអនុម័តច្បាប់ស្តីពី ការត្រួតពិនិត្យលើការឱ្យខ្ចីប្រាក់( amended Moneylending Control Law)ដើម្បីដោះស្រាយស្ថានភាពខាងលើដើម្បីកុំឱ្យប្រជាពលរដ្ឋជាប់បំណុលរើពុំរួច។ ការខ្ចីប្រាក់ជាផ្នែកមួយនៃការខ្ចីបរិភោគ ដែលច្បាប់កំណត់ថាជាកិច្ចសន្យាមួយដែលភាគីម្ខាង(អ្នកឱ្យខ្ចីឬម្ចាស់បំណុល) មានករណីយកិច្ចប្រគល់ការប្រើប្រាស់ដោយសេរីនូវប្រាក់ ស្បៀងអាហារ ឬ វត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលដែលមានកំណត់ ឱ្យទៅភាគីម្ខាងទៀត(អ្នកខ្ចីឬកូនបំណុល) ហើយនៅក្រោយពេលដែលអំឡុងពេលនោះបានកន្លងផុត(ឧទាហរណ៍១ឆ្នាំ ២ឆ្នាំ) អ្នកខ្ចីមានករណីយកិច្ចសងទៅឱ្យអ្នកឱ្យខ្ចីវិញនូវវត្ថុដែលមានប្រភេទ គុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ(មាត្រា៥៧៨ ក្រមរដ្ឋប្បវេណី) ។ ២. តើធនាគារជាអ្វី? ជានរណា? ធ្វើអ្វីខ្លះ? ធានាគារគឺជា នីតិបុគ្គលដែលមាននីតិសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការធនាគារជាមុខរបរប្រក្រតី។ ប្រតិបត្តិការដែលជាសកម្មភាពធនាគាររួមមាន៖ (១)ការផ្តល់ឥណទាន (២)ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណៈជន និង (៣)ប្រព្រឹត្តិកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុឬជារូបិយប័ណ្ណ។ (មាត្រា១ និងមាត្រា២ ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ)។ ឧស្សាហកម្មធនាគារមានប្រាំជំនាន់មកហើយគិតមកទល់ពេលនេះ ៖ ១.០(សម័យបុរេប្រវត្តិសាស្ត្រដែលមនុស្សចាប់ផ្តើមចាយកាក់) រហូតមកដល់ជំនាន់៥.០(សម័យបច្ចេកវិជ្ជាទំនើបដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ មនុស្សយន្ត)។ ៣. ការទទួលប្រាក់បញ្ញើ ធនាគារត្រូវបានច្បាប់ផ្តល់សិទ្ធិជាពិសេសឱ្យទទួលប្រាក់បញ្ញើ។ នេះជាប្រាក់ដែលអាជីវកម្មណាក៏ប្រាថ្នាចង់បានដែរ។ ជាមួយនឹងប្រាក់បញ្ញើនេះ និងប្រាក់ដែលអតិថិជនបង់ពីប្រាក់កម្ចី ធនាគារយកប្រាក់ទៅបង្វិលជាច្រើនរយជុំ និងបានចំណេញជាច្រើនដង ធៀបនឹងប្រាក់អតិថិជនយកចេញពីធនាគារ។ ប្រាក់បញ្ញើជាថ្នូរនឹងការរក្សាសុវត្ថិភាពប្រាក់របស់អតិថិជន និងការផ្តល់ការប្រាក់បន្តិចបន្តួចឱ្យអតិថិជន។ ប្រាក់បញ្ញើក៏មិនប្រាកដថាអតិថិជនមានសុវត្ថិភាព១០០ភាគរយដែរចំពោះប្រទេសមានអសន្តិសុខ ឬធ្វើការផ្លាស់ប្តូររបបដោយហឹង្សា ឬប្រទេសដែលមិនទទួលខុសត្រូវលើសំណងបង្កដោយរដ្ឋ។ ប្រាក់បញ្ញើជាដើមទុនសំរាប់ធនាគារ ក្រៅពីដើមទុនវិនិយោគដោយម្ចាស់ភាគហ៊ុន និងដោយប្រភពផ្សេងទៀត។ ៤. ការផ្តល់ឥណទាន និងការប្រាក់ ដូចបញ្ជាក់ក្នុងសេចក្តីផ្តើម ច្បាប់បញ្ញត្តិថាអត្រាការប្រាក់ អាចកំណត់តាមច្បាប់ ឬការព្រមព្រៀង។ ការកំណត់ការប្រាក់តាមការព្រមព្រៀងមានគោលបំណងលើកស្ទួយសេដ្ឋកិច្ចទីផ្សារ តែក៏ ជម្រុញឱ្យភាគីទន់ខ្សោយធ្លាក់ក្នុងអន្ទាក់បំណុល ហើយម្ចាស់បំណុលក្លាយជាម្ចាស់លើទឹកប្រាក់បំណុល ហើយករណីខ្លះក្លាយជាម្ចាស់លើរូបកាយ និង/ឬទ្រព្យកូនបំណុលដោយផ្ទាល់។ ករណីត្រូវបង់ការប្រាក់ បើភាគីពុំបានកំណត់ ត្រូវអនុលោមតាមអត្រាការប្រាក់កំណត់ដោយច្បាប់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ឬច្បាប់ពិសេស។ ការប្រាក់ព្រមព្រៀងហួសការប្រាក់កំណត់ដោយច្បាប់ ពុំមានអានុភាពឡើយ បើពុំបានកំណត់ជាលាយលក្ខណ៍អក្សរ យោងតាមរូបមន្ដកំណត់ក្នុងមាត្រា៥៨៣.៣នៃក្រមរដ្ឋប្បវេណី(សិទ្ធិលើបំណុលជាការប្រាក់)។ ឧទាហរណ៍: បើការប្រាក់ខ្ពស់ជាងការកំណត់របស់ច្បាប់ត្រូវយកអត្រាការប្រាក់កំណត់ដោយច្បាប់មកគណនា។ បើអត្រាការប្រាក់ដែលបានសន្យាទាបជាងការកំណត់ដោយច្បាប់ ត្រូវអត្រាការប្រាក់ទាបជាងការកំណត់របស់ច្បាប់ មកគណនាការប្រាក់។ ចំពោះកាតព្វកិច្ចទូទៅដែលត្រូវបង្កើតការប្រាក់ ករណីគ្មានការកំណត់ផ្សេងទេ ត្រូវគិតអត្រាការប្រាក់ចំនួន៥% ក្នុងមួយឆ្នាំ (គន្ថីស្តីពីកាតព្វកិច្ច មាត្រា៣១៨ ក្រមរដ្ឋប្បវេណី)។ ៥. ការដាក់កម្រិតលើការប្រាក់ឬអត្រាការប្រាក់ដែលត្រូវបានកម្រិត រដ្ឋត្រូវមានវិធានការគ្រប់គ្រងលើការប្រាក់ និងទំនាក់ទំនងរវាងម្ចាស់បំណុល និងកូនបំណុល ដើម្បីបង្ការស្ថានភាពដែលរាស្ត្រធ្លាក់ទៅក្នុងបំណុលក្រពើ ឬបំណុលត្រីឆ្លាម។ ក្នុងក្របខណ្ឌប្រទេស ប្រទេសជាកូនបំណុលមិនត្រូវធ្លាក់ខ្លួនទៅក្នុងអន្ទាក់បំណុលឡើយ(ឧទាហរណ៍ៈ បំណុលប្រទេសស្រីលង្ការជំពាក់ប្រទេសចិនរហូតដល់លែងមានលទ្ធភាពសង)។ នៅកម្ពុជាមិនទាន់មានច្បាប់ពិសេសសម្រាប់គ្រប់គ្រងបំណុលក្រពើឡើយ។ ការខ្វះច្បាប់ពិសេសនេះធ្វើឱ្យប្រជាជនក្រីក្រងាយរងគ្រោះនឹងការបាត់បង់ផ្ទះ បែកបាក់គ្រួសារ និងធ្លាក់ខ្លួនជាទាសករដែលប្រឹងរកប្រាក់ដើម្បីតែបំប៉នភាពមានបានរបស់ធនាគារឬម្ចាស់បំណុល។ ក្រោមការគិតគូពីរាជរដ្ឋាភិបាល ទោះមិនទាន់មានច្បាប់ពិសេសសម្រាប់គ្រប់គ្រងបំណុលក្រពើ រដ្ឋបានកំណត់វិធានការជាក់លាក់កម្រិតការប្រាក់(អត្រាការប្រាក់ដែលត្រូវបានកម្រិត)។ អត្រាការប្រាក់ដែលត្រូវបានកម្រិត ជាអត្រាការប្រាក់អតិបរមា ដែលអាចកំណត់បានដោយស្របច្បាប់ តាមការព្រមព្រៀង ដែលកំណត់ដោយច្បាប់ & បទដ្ឋានគតិយុត្ដ។ ភាគីអាចកំណត់ការប្រាក់ខ្ពស់ជាងអត្រាការប្រាក់កំណត់ដោយច្បាប់ ដែលបញ្ញត្ដក្នុងមាត្រា៥៨៤.២ (អត្រាការប្រាក់កំណត់ដោយច្បាប់ & អត្រាការប្រាក់ក្នុងកិច្ចសន្យា) តែមិនអាចកំណត់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត(១០%-៣០%ក្នុង១ឆ្នាំ)។ ៦. ការប្រាក់ក្រពើ ឧបមាថាអ្នកចុះកិច្ចសន្យាជាមួយធនាគារខ្ចីប្រាក់១០០០០០ដុល្លា ក្នុងអត្រាការប្រាក់១២%ក្នុងមួយឆ្នាំ។ ប្រសិនអ្នកត្រូវបង់ប្រាក់ទៅវិញក្នុងមួយខែប្រាក់ដើម១០០០ដុល្លា ការប្រាក់១០០០ដុល្លា ជារៀងរាល់ខែរហូតដល់អស់ប្រាក់ដើម។ តើស្ថានភាពបែបនេះមានន័យថាអ្នកបង់ការប្រាក់ប៉ុន្មានភាគរយក្នុងមួយឆ្នាំ? តាមធម្មតានៅពេលអ្នកបង់ប្រាក់ដើម នោះប្រាក់ដើមនឹងថយចុះ។ មានន័យថាធនាគារបានយកប្រាក់ដើមពីអ្នកទៅវិញហើយ(ឧទាហរណ៍បង់បាន៧០ខែ មានន័យថាបានឱ្យប្រាក់ដើមទៅធនាគារវិញចំនួន៧០០០០ដុល្លា) តែធានាគារនៅតែបន្តយកប្រាក់ពីអ្នកទាំងដើមទាំងការស្មើនឹង២០០០ដុល្លាអាមេរិច។ តើការប្រាក់នេះ១២ភាគរយក្នុងមួយឆ្នាំ? ប្រាកដជាមិនអាចទៅរួចថា១២ភាគរយទេ ព្រោះនៅពេលអ្នកបង់បានជាបន្តបន្ទាប់ ធនាគារបានយកប្រាក់របស់ខ្លួនទៅវិញ និងយកប្រាក់របស់អ្នកជាបណ្តើរៗទៅបង្វិលបានរាប់ពាន់ជុំ និងចំណេញជាច្រើន តែការប្រាក់នៅតែដែល និងមិនផ្អែកលើសមាមាត្រា និងចំនួនទឹកប្រាក់សរុបដែលអ្នកបានបង់ និងនៅជំពាក់ឡើយ។ តាមច្បាប់ ប្រសិនបើភាគីកំណត់អត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត កិច្ចសន្យានៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះ ត្រូវទុកជាមោឃៈ រីឯអ្នកខ្ចីមានករណីយកិច្ចសងតែចំពោះការប្រាក់ដែលត្រូវបានគណនា តាមអត្រាការប្រាក់ ដែលត្រូវបានកម្រិតនោះ។ តើធនាគារដែលធ្វើបែបនេះជាមួយអ្នកឬទេ? ចម្លើយគឺប្រើវិធីគ្រប់យ៉ាងក្នុងការគាបសង្កត់ ការប្រមាធ ការរួមជាក្រុមបំបាក់ស្មារតី ការគម្រាមប្តឹង ដើម្បីទារប្រាក់ មិនថាកូនបំណុលស្ថិតក្នុងស្ថានភាពរងគ្រោះពីវិបត្តិសកលឬវិបត្តិសេដ្ឋកិច្ចអ្វីនោះទេ។ ធនាគារប្រើគ្រប់មធ្យោបាយដើម្បីគម្រាម និងបំបាក់ស្មារតីកូនបំណុល ក្នុងករណីកូនបំណុលយឺតយ៉ាវឬខកខានមិនបានសងប្រាក់៖ ១. ការរំលឹកផ្ទាល់ដោយបុគ្គលិកម្នាក់ បន្ទាប់មកច្រើននាក់ និងករណីខ្លះរហូតដល់៤-៥នាក់ ២. ការចុះមកគាបសង្កត់ស្មារតីដល់ផ្ទះ។ ការសួរដេញដោលរបៀបដូចជាចៅហ្វាយនាយ។ ការសួរដេញដោលចំណូលចំណាយក្នុងគ្រួសារ និងករណីខ្លះរហូតដល់រឿងផ្ទៃក្នុង គ្រួសារ។ ៣. ការរំលឹកតាមលិខិត ដោយមិនគម្រាមប្តឹង។ ៤. ការរំលឹកតាមលិខិត ដោយគម្រាមប្តឹងពីសំណាក់ការិយាល័យសាខា រហូតដល់ការិយាល័យកណ្តាល។ ក្នុងចំណោមបុគ្គលិកធនាគារអ្នកខ្លះលើកឡើងពីកិច្ចសន្យា។ការលើកឡើងអំពីកិច្ចសន្យាខ្ចីប្រាក់ជារឿងត្រឹមត្រូវ តែកិច្ចសន្យាក្នុងស្ថានភាពពិសេសអាចកែសម្រួលបាន។ អ្នកខ្លះលើកអំពីភាពអាម៉ាស់ដែលថាខ្ចីលុយគេហើយម្តេចមិនសង ដោយធ្វើមិនដឹងមិនឮពីផលវិបាកនៃស្ថានភាពប្រធានសក្តិ និងអ្នកខ្លះប្រើសំដីរបៀបពួកជើងកាងស៊ីឈ្នួលដើរទារប្រាក់។ នៅពេលកូនបំណុលព្យាយាមសងជាបណ្តើរៗធនាគារនឹងបន្លំតួលេខ ប្រសិនបើអ្នកខ្ចីមិនប្រយ័ត្នប្រយែងទេ ព្រោះតារាងការប្រាក់ ប្រាក់ដើម និងការសងប្រាក់ស្ថិតក្រោមការគណនារបស់ធនាគារ ដោយប្រើរូបមន្តបំភ័ន្ត(អត្រាការប្រាក់មិនដូចការកំណត់ក្នុងកិច្ចសន្យាខ្ចី)។ ចំពោះទិដ្ឋភាពច្បាប់ ករណីកូនបំណុលបានសងការប្រាក់ដែលលើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតហើយ ត្រូវចាត់ទុកថាភាគលើសពីការកម្រិតជាការកាត់បំណុល ទៅលើប្រាក់ដើម។ ករណីបានកាត់បំណុលទៅលើប្រាក់ដើម ចំពោះផ្នែកដែលលើសពីការកម្រិតហើយ តែនៅមានសល់ អ្នកឱ្យខ្ចីត្រូវសងទៅឱ្យអ្នកខ្ចី ដោយភ្ជាប់ជាមួយសំណងខូចខាត ដោយគណនាតាមការប្រាក់កំណត់ដោយច្បាប់ គិតចាប់ពីថ្ងៃបង្កើតឱ្យមានការសេសសល់នៃការសង រហូតដល់ថ្ងៃដែលបាន សង។ ក្នុងការអនុវត្តជាក់ស្តែងគឺកូនបំណុលនៅតែជាចំណីក្រពើដដែល។ មិនដែលមានកូនបំណុលណាប្តឹងឈ្នះធនាគារឈរលើមូលដ្ឋានច្បាប់ទេ ព្រោះធនាគារគ្រាន់តែចំណាយប្រាក់បានពីការប្រាក់ដែលកូនបំណុលបានបង់ក៏បានឈ្នះក្តីដែរ។ ៧. សេចក្តីសន្និដ្ឋាន សរុបសេចក្តីមកការអនុញ្ញាតឱ្យមានការប្រាក់តាមការព្រមព្រៀង(យកការប្រាក់តាមចិត្តដោយគ្មានយន្តការច្បាប់ពិសេសគ្រប់គ្រង) និងការកម្រិតអត្រាការប្រាក់១៨%ក្នុងមួយឆ្នាំ ធ្វើឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកចងការឯកជន កៀបសង្កត់កូនបំណុលតាមទំនើងចិត្ត។ ការប្រាក់ដ៏ច្រើនបែបនេះមិនបានកាត់បន្ថយភាពក្រីក្រឡើយ។ ផ្ទុយទៅវិញវាចែករំលែកភាពក្រីក្រ និងករណីខ្លះពង្រឹងភាពក្រីក្ររបស់អ្នកដែលកំពុងតែក្រីក្រ ឬរស់នៅក្បែរបន្ទាត់ក្រីក្រ។ ការកៀបសង្កត់រៀបចំឡើងជាប្រព័ន្ធ ដោយក្រុមមនុស្សធ្វើការនៅធនាគារ និងករណីខ្លះមានការចូលរួមពីក្រុមមនុស្សប្រើកម្លាំង។ ការគម្រាមប្តឹងតាមរយៈអំណាចតុលាការ(ការរឹបអូសជម្រកដើម្បីលក់ឡាយឡុងក្នុងតម្លៃថោក ដោយមានការឃុបឃិតគ្នាពីមន្ត្រីតុលាការមួយចំនួនតូច) ជាមធ្យោបាយបំភិតបំភ័យកូនបំណុលនិងគ្រួសារកូនបំណុលឱ្យបាត់បង់ការតស៊ូ។ ក្នុងបរិបទ និងពេលវេលាដ៏លំបាកដូចរៀបរាប់ពីខាងដើម ប្រជាពលរដ្ឋទន់ខ្សោយជួបការលំបាកជាទីបំផុតក្នុងការតតាំងតាមផ្លូវច្បាប់ជាមួយម្ចាស់បំណុល។ ម៉្យាងខ្លួនក្រ ជំពាក់បំណុលគេស្រាប់ និងមានស្ថានភាពផ្លូវច្បាប់ក្នុងនាមជាកូនបំណុល។ តើរដ្ឋគួរមានវិធានការធ្វើវិសោធនកម្មច្បាប់ ដើម្បីដោះស្រាយបញ្ហាបំណុលឬយ៉ាងណានោះ អាស្រ័យលើការគិតគូររបស់រដ្ឋាភិបាលលើសុខទុក្ខរបស់ពលរដ្ឋភាគច្រើន។ ចំពោះប្រជាពលរដ្ឋក្រីក្រជាកូនបំណុល ដើម្បីមានលទ្ធភាពអាចតតាំងក្តីជាមួយធនាគារគប្បីរួមសាមគ្គីគ្នាប្តឹងឬការពារខ្លួនជាក្រុមប្រឆាំងនឹងធនាគារដែលមិនអនុវត្តត្រឹមត្រូវទៅតាមច្បាប់ ជាជាងព្យាយាមការពារខ្លួនម្នាក់ឯង។ ចំពោះបងប្អូនដែលមានបំណងពិគ្រោះយោបល់ជាមួយក្រុមមេធាវីយើងខ្ញុំ ឬមានបំណងចង់ ឱ្យជួយការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែលត្រូវបានម្ចាស់បំណុលរំលោភបំពានដោយអយុត្តិធម៌ សូមមេត្តាទំនាក់ទំនងមក៖ ទូរស័ព្ទ : (៨៥៥) ២៣ ៨៨៣ ៨៨៥ អ៊ីម៉េល : info@skpcambodia.com ផ្ទះលេខ៤៧ ផ្លូវទន្លេសាស្រ្ដបេ១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( បុរីពិភពថ្មី ) គេហទំព័រ : www.skpcambodia.com

POSTED Jan 17, 2025